អ្នកតាគង់ខេត្តសៀមរាប

      នៅចុងភូមិកំពង់ថ្កូវ ក្នុងឃុំសូទ្រនិគម ស្រុកសូទ្រនិគម ខេត្តសៀមរាប មានឣ្នកតាមួយឈ្មោះ ឣ្នកតាគង់។ មានរូបថ្មបាយក្រៀម២ដុំ ទំហំចំនួនទទឹង ០ម២០ បណ្តោយចំនួន ០ម៩០ នឹងថ្មភក់ ១ដុំតូចទៀត (ជា៣ដុំ) នៅលើខ្ទមតូចមួយប្រក់ក្បឿង ជញ្ជាំងក្តារ ទំហំទទឹង២ម បណ្តោយ ៣ម នៅក្រោមដើមពោធិ៍ធំមួយ ហើយមានឣណ្តូងទឹកមួយជិតទីនោះ គេហៅថា ឣណ្តូងឣ្នកតាគង់ដែរ។ ឯកន្លែងឣ្នកតាគង់នៅនោះ វាស់ស្មានពីចុងស្រុកកំពង់ថ្កូវត្រើយខាងកើតស្ទឹងចំនួន១០០ម គឺពីចម្ងាយសាលាស្រុកសូទ្រនិគមទៅចំនួន៤០០០ម នៅជាខាងត្បូងសាលាស្រុកចំនិត ជិតមាត់ស្ទឹងរលួស(លើ)សព្វថ្ងៃឥតរូបទេ។ ជំនឿរបស់ឣ្នកស្រុកគោរពតៗគ្នាមកចំនួន២០០ឆ្នាំមកហើយ ដោយជឿ និងធ្វើមកដល់សព្វថ្ងៃនេះដូច្នេះ៖

១.បន់ស្រន់សូមសុខសប្បាយ នៅវេលាស្រុកមានជំងឺ។

២.បន់ស្រន់សុំទឹកភ្លៀង នៅវេលាស្រុករាំងគ្មានភ្លៀង។ 

៣.បន់ស្រន់ឱ្យឃើញរបស់ នៅវេលាបាត់របស់ផ្សេងៗ។

ពិធីបន់ម្តងៗនោះគ្រាន់តែឣុជធូបទៀនថា តាមបំណងទៅឥតមានឣ្វីទេ។ ឯឣ្នកតាគង់នេះចូលចិត្តលោកសង្ឃ និងភ្លេងផ្សេងៗណាស់។ ក្នុង១ឆ្នាំត្រូវឡើងម្តង ពេលឡើងម្តងៗគេតែងធ្វើតែខែចេត្រ និងខែពិសាខ គឺស្រុកច្រើនភូមិមកប្រជុំគ្នាពូនភ្នំខ្សាច់មុខឣ្នកតា ហើយធ្វើរោងឬប្រក់ជាបង្ហាយាងធំ ល្មមចុះមនុស្ស១០០នាក់។ គេនិមន្តលោកសង្ឃច្រើនវត្តចម្រើនបរិត្ត និងឆាន់ លេងភ្លេងជារៀងរាល់ឆ្នាំគេបូជាទង់ជ័យ ទង់ជ្រុង ភ្លេងសៀម ល្ខោនភ្លេងមេមត់កាឡៃ ឬលេងភ្លេង ឣ្វីក៏បានតាមចិត្ត តែខានភ្លេងមិនបាន នឹងនាំឱ្យមានមិនស្រួលដល់ឣ្នកស្រុក។ បើតាមគេរាប់ឈ្មោះមនុស្សបាត់របស់ផ្សេងៗ មានបាត់ខ្សែមាសក្នុងស្ទឹងរលួសជារបស់ឈ្មោះស៊ូរជាដើមគួរឣស្ចារ្យថាពូកែមែន។ ព្រោះមានថ្ងៃមួយទឹកជន់ពេញស្ទឹង កូនស្រីឈ្មោះស៊ូរជ្រុះខ្សែមាសចំនួន១តម្លឹងទៅក្នុងទឹកស្ទឹងត្រង់ដែលជ្រៅ មុចរក៣ថ្ងៃមិនឃើញ។ ឣ្នកស៊ូរទៅបន់ឣ្នកតាគង់ ឱ្យជួយរកមាសខ្លួនបាត់នោះមកវិញ មុចតែម្តងស្រាប់តែទៅចំលើមាសនោះតែម្តង។

លោកឣាចារ្យ ឯក ញឹម ចៅឣធិការ វត្ត...(ក្នុងឯកសាររលប់មើលមិនច្បាស់) ស្រុកសូទ្រនិគម ស្មៀនខាងតែង ឣ្នកឱ្យការឈ្មោះឌួច នៅភូមិកំពង់ថ្កូវ។

 

Flag Counter