ពិធីបិទសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣

រសៀលថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សាសនិករួមគ្នា បង្កើនការអភិវឌ្ឍជាតិ  កិច្ចគាំពារសុខសន្តិភាព និងសេរីភាពខាងជំនឿសាសនានៅកម្ពុជា»ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ ព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា  ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ  ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងលោក លោកស្រី   អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត អ្នកឧកញ៉ាចាងហ្វាង លោកអភិបាល មេដឹកនាំគ្រប់និកាយសាសនា ប្រមាណជាង៤៥០អង្គ/នាក់ នៅទីស្តីការក្រសួង។

តាមរយៈសិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមធ្វើការវាយតម្លៃនូវសមិទ្ធផល និងលទ្ធផល នៃកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ដែលបានប្រារព្ធធ្វើកន្លងមក ក៏ដូចជាក្នុងថ្ងៃនេះ និងការប្ដេជ្ញាចិត្តរបស់អង្គសិក្ខាសាលា ដែលបានរំលេចនូវកិច្ចខិតខំប្រឹងប្រែង ដោយគ្មានខ្លាចនឿយហត់ ក្នុងការចូលរួមពង្រឹង និងថែរក្សាកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមផ្តល់នូវអនុសាសន៍ចំពោះអង្គសិក្ខាសាលាទាំងមូល មួយចំនួន ដូចខាងក្រោម ៖

១-សូមថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ បន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការរីកចម្រើនបន្តទៅទៀត ជាពិសេសរក្សាបាននូវសុខដុមនីយកម្មគ្រប់សាសនាទាំងអស់ ដែលប្រតិបត្តិគោលលទ្ធិសាសនានៅព្រះរាជាណាចក្រកម្ពុជា និងប្តេជា្ញគាំទ្រ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ និងសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការអភិវឌ្ឍជាតិមាតុភូមិរបស់យើងឱ្យកាន់ តែរីកចម្រើន។

២-សូមសាសនិកទាំងអស់ បន្តរួមគ្នាគាំពារសន្តិភាពដែលកំពុងតែមាន ព្រោះជាគុណតម្លៃនៃការរស់នៅរបស់មនុស្សជាតិគ្រប់ៗរូប។

៣-សូមចូលរួមអភិវឌ្ឍជាតិ សំដៅលើកកម្ពស់សុខភាព គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមឱ្យកាន់តែល្អប្រសើរឡើង សំដៅបន្តភាពសុខសាន្ត និងភាពសុខដុម រមនារបស់ប្រជាពលរដ្ឋ និងសាសនិកគ្រប់និកាយសាសនា។

៤-សូមថ្នាក់ដឹកនាំគ្រប់និកាយសាសនា យកសេចក្ដីប្រកាសរួមនេះ ទៅផ្សព្វផ្សាយដល់សាសនិករបស់ខ្លួន ដើម្បីរួមសហការគ្នា សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ខិតខំប្រណិប័តធម៌ វិន័យសាសនា ព្រមទាំងច្បាប់រដ្ឋ ឱ្យបានទូលំទូលាយគ្រប់សហគមន៍ ។

Flag Counter