កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម   ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ និងមានការនិមន្ត-អញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃតំណាងគណៈសង្ឃនាយកទាំងពីរគណៈ  ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រះប្រធានផ្នែក ប្រធាននាយកដ្ឋាន និងមន្ទីរធម្មការ និងសាសនាទាំង២៥រាជធានី-ខេត្តនាទីស្ដីការក្រសួង។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់មន្ត្រីក្រោមឱវាទក្រសួងទាំងអស់ដោយទទួលបានលទ្ធផលការងារគាប់ប្រសើរក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការបានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសាសនា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យប្រធានមន្ទីរធម្មការ និងសាសនា ចំនួន០៥ខេត្ត គឺខេត្តព្រះសីហនុ ឧត្តរមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំងនិងកណ្ដាល ឡើងធ្វើបទអន្តរាគមន៍អំពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយសំណូមពរ ជាពិសេសស្ថានភាពជំងឺ  កូវីដ-១៩និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យសមាជិកអង្គប្រជុំទាំងអស់មានមតិ សំណួរ សំណូមពរនិងបញ្ហាផ្សេងៗទាក់ទងនឹងវិស័យធម្មការនិងសាសនាលើកឡើងក្នុងអង្គប្រជុំនេះ ហើយក៏មាន ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការជាច្រើនរូបបានឡើងមានមតិយោបល់ផងដែរ។

បន្ទាប់ពីបានស្តាប់បទអន្តរាគមន៍រូចមក ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងនឹងទទួលយកសំណើ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងធ្វើរបាយការណ៍ជូនប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដល់      អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១- សូមថ្នាក់ដឹកនាំនិងប្រធានអង្គភាពជំនាញ ខិតខំបន្តយកចិត្តទុកដាក់អនុវត្តការងារដែលរាជរដ្ឋាភិបាល និងក្រសួង ក៏ដូចជាអាជ្ញាធររាជធានី-ខេត្តបានប្រគល់ជូន។

២-ចាប់ពីពេលនេះតទៅ បើមិនមានច្បាប់ឬលិខិតបទដ្ឋានគតិយុត្តទេ សូមកុំធ្វើឱ្យសោះ ព្រោះវានាំឱ្យមានបញ្ហាជាច្រើនកើតឡើង។

៣- ត្រូវចាំថាមនុស្សម្នាក់ៗត្រូវការជាចាំបាច់នូវសុខភាព សុវត្ថិភាព  ចរិយាធម៌ និងគុណធម៌ ក្នុងការបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន។

៤-បន្តការអប់រំតាមបណ្តាវត្ត វិហារ ស្នាក់ការថ្វាយបង្គំ ស្តីពីគ្រឿងញៀន និងសូមនាំគ្នាជួយបន្តចូលរួមអនុវត្តវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវចេះរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេស វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដែលមានប្រភពចេញពីតំបន់អាហ្រ្វិកខាងត្បូង  តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការ «៣ការពារ» និង «៣កុំ»និងចាក់វ៉ាក់សាំង។

 

 

 

Flag Counter