ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងធម្មការ និងសាសនា។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ បានឲ្យដឹងថា ៖ តួចេតិយមានទំហំ ១០ម ×១០ម កំពស់សរុប ២៩.៥០ម, ខឿនទី១ មានកំពស់ ៣.០៥ម ពីដី, តួចេតិយមានកំពស់ ៥.៤ម ពីខឿនទី១, ផ្នែកកំពូលមានកំពស់ ២១.០៥ម ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាលនៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន៨ មានចេតិយចម្លងចំនួន៤ និងមានឆ័ត្ររួតនៅចុងកំពូល ៕

Flag Counter