ពុទ្ធសាសនបណ្ឌិត្យ

រឿង អណ្ដើក និងស្វា

រឿង អណ្ដើក និងស្វា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១០៣- ១០៤

    មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា « យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង មិនទាន់បានទៅប្រាប់ឥឡូវ ជិតថ្ងៃការណាស់ទៅហើយ បើដូច្នោះឲ្យបម្រើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នា យូរឆ្នាំណាស់មកហើយ » គិតហើយក៏ចាត់បម្រើឲ្យទៅអញ្ជើញ ។

ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ ក៏ទៅប្រាប់ដន្លងស្វាថា « ត្បិតដន្លងអណ្ដើកមកដល់ហើយ នៅឯក្រោមដើមឈើ » ។ ដន្លងស្វាចុះមក ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្លិនេះចុះ យើងនឹងស្រាវឡើង ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះ ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ, តែនិយាយធ្លាក់មកស្លាប់ហើយ ។ អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ  ។ ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិនោះឡើង នាំអណ្ដើកទៅឯថ្នាក់លើ ។
    លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក ក៏សួរដោយរាប់អានថា « ដន្លង ! សុខសប្បាយទេឬ ? » ។ អណ្ដើកភ្លេចពាក្យបណ្ដាំ ហាមាត់ស្ដីទៅនឹងដន្លង ក៏របូតមាត់ ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្ម ស្លាប់នៅវេលានោះ ខានស៊ីការនោះទៅ ។

មាត់អណ្ដើក
1-ខ្លះថា អណ្ដើក និងកំប្រុក ។ កម្ពុជសុរិយា លេខ ៧ – ៨ – ៩ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ១៥២ មិនឃើញមានឈ្មោះអ្នករៀបរៀងទេ ។ 

Flag Counter