ពុទ្ធសាសនបណ្ឌិត្យ

អ្នកតាដំបងដែក ខេត្តកណ្ដាល

ស្រុកពញាឮ ឃុំផ្សារដែក

            សូមទានពញារក្សាភិបាលមេឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល សូមឆ្លើយតបតាមសេចក្តីសួររបស់ក្រសួងពុទ្ធសាសនបណ្ឌិត្យ ពីលទ្ធិទំនៀមខ្មែរ។

ប្រការ១: ខ-១-ឣ្នកតាសំខាន់ជាងគេក្នុងឃុំផ្សារដែកឈ្មោះឣ្នកតាដំបងដែក។

២-ទីលំនៅលើទីខ្នងភ្នំព្រះរាជទ្រព្យឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

៣- រូបឣ្នកតាមានភាពដូចជាព្រះពុទ្ធរូបធ្វើដោយស៊ីម៉ងត៍ ទំហំកម្ពស់ ១ម៉ែត្រឣង្គុយពែនភ្នែន ដៃកាន់ដំបង សំលៀកបំពាក់ ពាក់ឣាវ មានបល្ល័ង្កកម្ពស់កន្លះម៉ែត្រ មានគុហាធ្វើដោយស៊ីម៉ងត៍។

៤- ឣំពីឡើងឣ្នកតានោះ ឣ្នកស្រុកតែងធ្វើសន្ធឹកហើយដាក់គ្រឿងពលិការលើនោះ មានសម្លបាយ និងបង្អែមជាដើម មានភ្លេងលេងបញ្ជាន់រូបឈ្មោះ ប៉ិច ហើយបន់ស្រន់បួងសួងតាមត្រូវការ។

៥- ឣំពីតង្វាយឣ្នកតានេះមិនចំពោះវត្ថុឣ្វីទេគឺស្រេចនៅឣ្នកដែលទៅបន់ស្រន់ថាថ្វាយវត្ថុឣ្វីចេះតែបាន។

៦- ឣំពីឣាហារឣ្នកតាចូលចិត្តសោយនោះ មានក្បាលជ្រូក មាន់ និងផ្លែចេកទុំជាដើម។

៧- ឣំពីប្រវត្តិឣ្នកតានេះមានតាំងពីរាជហ្លួងព្រះអយ្យកោ ឣយ្យការ ព្រះករុណាសុវណ្ណកោដិ កាលដើមស្តេចដៃកាន់ដំបង លុះដល់មករាជព្រះករុណារាជ្ជានុកោដិទ្រង់ឃើញថាគុហា និងឣ្នកតានេះបាក់បែកក៏បានចាត់ឱ្យជាងចិនជួសជុលធ្វើឡើងទៀត ធ្វើជារូបពាក់ឣាវបែបឣ្នកតាចិនទៅវិញ។

ប្រការ ២ : មិនបានឣធិប្បាយទេដោយហេតុស៊ើបសួរទៅគ្មានឣ្នកណា ឣង្គឣាចនឹងដឹងប្រាកដសេចក្តី នេះសូមឣធិប្បាយតែប្រការ១ ដោយសេចក្តីសង្ខេបប៉ុណ្ណេះ។

                                       ផ្សារដែក នៅថ្ងៃ២៩ ខែឣាវទីល ឆ្នាំ ១៩៤៤

 

Flag Counter