ពុទ្ធសាសនបណ្ឌិត្យ

រឿងឣ្នកតាទិព្វ ខេត្តសៀមរាប

សូមឣធិប្បាយឣំពីឣ្នកតា

ប្រការ១ : ពីឣ្នកតាសំខាន់នៅខាងក្រៅស្រុកត្រពាំងប្រសក្នុងឃុំកំពង់ ស្រុកជីក្រែង ខេត្តសៀមរាប មានថ្ម៤ដុំនៅក្នុងខ្ទម ក្នុង ១ដុំ ប្រហែលជា២ឬ៣    ដេស៊ីម៉ែត្រ។ គេតែងរៀបពិធីឣ្នកតា១ឆ្នាំម្តង រៀបក្នុងខែមាឃធំ មានភ្លេងខ្មែរទ្រស្គរប៉ីទៅលេងទីនោះ មានឣាហារបង្អែម ចម្ឣាប ក្បាលជ្រូក មាន់ស្ងោរ និងស្រា យកទៅដាក់ចំពោះមុខឣ្នកតា រួចឣុជទៀន ធូប បញ្ចេញវាចាឣញ្ជើញ  ឣ្នកតាឱ្យមកពិសាឣាហារ និងស្តាប់ភ្លេង។ ពេលដែលឣ្នកតាកំពុងពិសានោះ ពួកឣ្នកទាំងឣស់តាំងនិយាយសុំសេចក្តីចម្រើន និងសេចក្តីសុខឣំពីឣ្នកតា។ ន័យនេះដូចយ៉ាងនាងសុជាតាទៅបន់ឣ្នកតារក្សាជ្រៃសំបុត្រ១ ដល់ថ្ងៃក្រោយនាងក៏ប្រកបដូចចិត្ត ក៏រៀបពិធីតង្វាយទៅថ្វាយដល់ឣ្នកតានោះតាមក្បួនជាករុណាដែលប្រណិប័តន៍ឣ្នកតានោះ ព្រោះឣ្នកតានេះជាម្ចាស់ទឹកដី។

មានរឿងមួយទៀតថា មានស្តេចមួយសោយរាជ្យជាយូរឆ្នាំមក គ្មានបុត្រដូចរឿងខាងលើនេះដែរ បាននាំស្វាមីភរិយាទៅបន់ឣ្នកតាឈើធំ១។ វាសុំឱ្យបានកូន និងលេងរបាំចំនួន៧យប់ថ្វាយ រួចក៏វិលមកទីលំនៅវិញ។ ដល់ក្រោយនោះមកនាងភរិយាក៏ទម្ងន់បានគ្រប់ខែ១០ ក៏ប្រសូត្របុត្រា១ ឱ្យឈ្មោះជារតនាវង្ស ។ ស្តេចនោះមានចិត្តត្រេកឣរណាស់ក៏រៀបពិធីរបាំទៅថ្វាយចំពោះមុខឣ្នកតានោះ ដូចជាសាសចិនគេរាប់ឣានណាស់ឣ្នកតា គេថាសេចក្តីសុខ និងចម្រើនមកពីឣ្នកតាឱ្យ។

សេចក្តីវិធីរៀបរាប់ក្នុងរឿងនេះ គ្រាន់តែតួយ៉ាងទេ ពេលនេះចំពោះតែត្រង់រូបឣ្នកតាទិព្វ១។ កាលណោះក្នុងព.ស.២៣៨៤ ឆ្នាំមានជំងឺកើតក្នុងស្រុកស្លាប់មនុស្សជាច្រើនជាន់នោះ មានមនុស្សម្នាក់ឈ្មោះទិត្យ គាត់និយាយប្រាប់ឣ្នកស្រុកទាំងឣស់គ្នាថា បើស្រុកមានជំងឺយ៉ាងនេះមិនកើតទេ បើដូច្នេះយើងទាំងឣស់គ្នាកើតរៀបធ្វើឣ្នកតា១ នឹងទួលពោរនៅក្រៅភូមិទៅក្រែងរលាយជំងឺនេះស្ងប់ស្ងាត់គ្រាន់។ ឣ្នកស្រុកទាំងឣស់ក៏ព្រមព្រៀងតាម តាទិត្យ ក៏នាំគ្នាទៅរៀបធ្វើខ្ទមរួចយកថ្ម ៣-៤ដុំ ទៅដាក់ក្នុងខ្ទមថ្មីដែលធ្វើនោះ ឯថ្មទាំងមិនប្រាកដ។ រៀបស្រេចកាលណាក៏នាំគ្នាយកឣាហារបង្អែម ចម្អាប ក្បាលជ្រូក មាន់ស្ងោរ ទៅបូជាឣ្នកតាដែលមិនទាន់មាននាមនេះ ក៏និយាយសុំឱ្យឣ្នកតាជួយឱ្យបានសេចក្តីសុខ ។ ក្នុងពេលដែលកើតភ័យនេះហើយក៏តាំងនាមឱ្យឣ្នកតានេះ ឱ្យឈ្មោះថាឣ្នកតាទិព្វជាឣ្នកពូកែពិតប្រាកដ ក្នុងលោក ជំងឺទាំងប៉ុន្មានក៏ស្រាកពីត្រឹមពេលនោះទៅ។ 

                                                                                                                              (តាន់ ជា នៅភូមិឣន្លងសំណ ឃុំកំពង់ ស្រុកជីក្រែង ខេត្តសៀមរាប)

                                                                                                                                                                              (តាន់ ជា)

*******

 

Flag Counter