ពុទ្ធសាសនបណ្ឌិត្យ

សិក្ខាសាលាពុទ្ធិកបណ្ណាល័យ

ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាពុទ្ធិកបណ្ណាល័យ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព Google Meet។ សិក្ខាសាលានេះ បានដំណើរការប្រកបដោយកិត្តិយសដោយផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពបើកដោយឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការទទួលបន្ទុក និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្ដម សន ប៊ុនហួរ និងឯកឧត្ដមបណ្ឌិត ថោ គឿន អនុរដ្ឋលេខាធិការ, លោក ខុន តារា អគ្គនាយករង, លោក ទេសុកៈ កូជិ តំណាងអង្គការរីស្សូ កូសី-កៃ, ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្ត្រីរាជការក្រោមឱវាទ។ ដោយមានការអនុញ្ញាតពីឯកឧត្ដមរដ្ឋមន្ត្រី សិក្ខាសាលានេះធ្វើឡើងដើម្បីដោយមានការចូលរួមពីមន្ត្រីរាជការទទួលបន្ទុកផ្នែកបណ្ណាល័យនៃមន្ទីរធម្មការ និងសាសនា មកពីខេត្តចំនួនបីគឺ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការបានផ្ដល់អនុសាសន៍ចំនួន៣គឺ 

-  សូមឲ្យពុទ្ធសាសនបណ្ឌិត្យរៀបចំសិក្ខាសាលាបែបនេះរាល់ឆ្នាំ ឲ្យបានដល់មន្ត្រីគ្រប់មន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត

-  សូមឲ្យពុទ្ធសាសនបណ្ឌិត្យជួយរៀបចំបណ្ណាល័យសាខាបន្ថែមទៀត

-  សូមឲ្យពុទ្ធសាសនបណ្ឌិត្យសហការជាមួយមន្ទីរធ្វើសម្រង់ស្ថិតិពុទ្ធិកបណ្ណាល័យដែលមាននៅតាមវត្តអារាម ចងក្រងទុកជាឯកសារ

សិក្ខាសាលាបានប្រព្រឹត្តទៅអស់រយៈពេលពេញមួយថ្ងៃដោយមានវាគ្មិនបានធ្វើបទបង្ហាញលើប្រធានបទ ១-បណ្ណាល័យ និងផលប្រយោជន៍នៃការអាន, ២-ប្រវត្តិបណ្ណាល័យនៅកម្ពុជា, ៣-ការគ្រប់គ្រងពុទ្ធិកបណ្ណាល័យ, ៤-បទពិសោធន៍នៃការធ្វើពុទ្ធិកបណ្ណាល័យចល័តនៅខេត្តស្វាយរៀង និង៥-ការពិនិត្យស្ថានភាពពុទ្ធិកបណ្ណាល័យទាំង៣ខេត្ត។

Flag Counter