ពុទ្ធសាសនបណ្ឌិត្យ

អ្នកតាពពាល និងអ្នកតាបារាជ ខេត្ត មាត់ជ្រូក

          នៅខាងជើងប៉ុស្តិ៍ស្វាយទងចម្ងាយ ៦គីឡូម៉ែត្រ មានភ្នំមួយឈ្មោះហៅថាភ្នំពពាល កម្ពស់ប្រហែល ១គីឡូម៉ែត្រ ទំហំមួយជុំភ្នំនោះប្រហែល ៣២គីឡូម៉ែត្រ។ នៅលើភ្នំនោះមានឣ្នកតាមួយឈ្មោះថាឣ្នកតាពពាល ប៉ុន្តែគ្មានរូបជាតឹកតាងទេ។ ក្នុងវេលាសព្វថ្ងៃនេះឣ្នកស្រុកនៅជុំវិញភ្នំនោះសង់តែខ្ទម យកដុំថ្មមកដាក់សន្មតសឹងតែគ្រប់ស្រុក ហើយនៅរដូវដើមឆ្នាំបើគ្មានភ្លៀងធ្លាក់ទេ ឣ្នកស្រុកនៅជុំវិញភ្នំនោះគេរៀបចំឡើងឣ្នកតា បញ្ជាន់រូបបួងសួងសុំទឹកភ្លៀង។

ឯឣាហារចំណីសំណែនរបស់ឣ្នកតានោះ តាមលទ្ធិរបស់ឣ្នកស្រុកកាន់ ឣ្នកស្រុកខ្លះសែនមាន់ស្ងោរ ឣ្នកស្រុកខ្លះពិឃាតគោថ្វាយគ្មានកំណត់។

សាវតារឣ្នកតាពពាល៖

មានពាក្យទំនៀមព្រេងនិយាយតៗគ្នាមកថា កាលនោះមានក្រពើនៅក្នុងទន្លេខេត្តបារាជ ។ ក្រពើនោះធំណាស់មានក្បាល ៧ហាត់(៣.៣០ម) ឣ្នកស្រុកហៅថាក្រពើឣ្នកតា។ ក្រពើនេះកាចណាស់តែងតែខាំមនុស្សរាល់តែឆ្នាំពុំដែលដាច់នឹងរកឣ្នកឯណាមួយ នឹងសម្លាប់ក្រពើនេះបានឡើយ ។ សេចក្តីលំបាកវេទនា និងការឆ្លងទូកទៅវិញទៅមករបស់ឣ្នកស្រុកនោះពុំហ៊ានឆ្លងទៅវិញទៅមកឡើយ ព្រោះខ្លាចក្រពើនោះខាំ។ 

ការនេះបានដឹង ដល់មកឣ្នកតាពពាលឣ្នកតាពពាលមានចិត្តឣាណិតមេត្តាដល់ឣ្នកស្រុកនោះពន់ពេកណាស់ ក៏ក្លែងភេទជាសាមណេរមួយឣង្គ និមន្តចុះពីភ្នំនេះទៅដល់ទន្លេខេត្តបារាជ បានជួបនឹងតាចាស់ យាយចាស់កំពុងចែវទូកក៏មានសង្ឃដីកាថា លោកតា លោកយាយ មេត្តាឱ្យឣាត្មាជិះទូកឆ្លងទៅត្រើយខាងនាយផង។ តាចាស់ យាយចាស់ ក៏ព្រមឱ្យជិះឆ្លងទៅដល់ទៅកណ្តាលទន្លេ។ លោកនេននោះប្រាប់តាចាស់ យាយចាស់ថា លោកតាលោកយាយចែវទូកឡើងទៅលើច្រាំងប្រញាប់បន្តិច។ ឣាត្មាភាពនឹងចុះនៅទីនេះហើយ ថាដូច្នោះក៏ហក់ចុះទៅក្នុងទឹកទន្លេមុជចុះងើបឡើងប្រែកាយក្លាយកើតជាក្រពើស្រែករោទ៍រំពងសំដៅទៅរកក្រពើឣ្នកតាបារាជ។ ឯក្រពើរបស់ឣ្នកតាបារាជ ក៏ប្រែមុខមកប្រកួតប្រឡងប្រខាំគ្នាឮសូរសន្ធឹករណ្ដំរំជែងរលកបែកផ្កាត្រែង។ មហាមេឃបង្អុរភ្លៀងមកក្នុងរវាង៧យប់ ៧ថ្ងៃជា ឣស្ចារ្យ ក្រពើឣ្នកតាបារាជធន់ពុំបានក៏ស្លាប់ខ្លួននៅទីនោះទៅ ។ ចំណែកឣ្នកតាពពាលក្លាយភេទជាលោកនេនវិញ និមន្តឡើងទៅលើមាត់ច្រាំងក៏មានសង្ឃដីកាថា ញាតិញោមឣាត្មាភាពសូមចម្រើនពរ លាទៅភ្នំពពាលវិញហើយៗ ក៏ឣន្តរធានបាត់រូបលោកនេននោះមួយរំពេចទៅ។

ចំណែកខាងឣ្នកស្រុកទាំងនោះ ក៏បបួលគ្នាចុះទៅចងក្រពើនោះ ឣូសឡើងមកលើគោកហើយវះពោះទៅបានឃើញខ្សែមាស ខ្សែប្រាក់ កង ចញ្ចៀនជា ច្រើននៅក្នុងពោះក្រពើនោះ ក៏បបួលគ្នាសង់រោងមួយនៅនាផ្សារបារា យកក្បាល ក្រពើនោះទៅដាក់ក្នុងរោង។ ទើបសន្មតឱ្យឈ្មោះថាឣ្នកតាបារាជ។

ដោយបានឮដំណឹងមកថា ក្បាលក្រពើនោះមាននៅមកដល់សព្វថ្ងៃនេះ បុន៉្តែបាក់ខូចខាតឣស់ហើយ នៅសល់តែឆ្អឹងក្បាលបន្តិចបន្ទួចទេ។

                                                                                                                     លោក ស៊ីម ឃុត 

                                                                                 ឣ្នកត្រួតត្រាសាលាវត្ត និងសាលាសិក្សាបារាំង ខ្មែរ ក្នុងខេត្តមាត់ជ្រូក

                                                                                       ថ្ងៃច័ន្ទ ១៥កើត ខែឣស្សុជ ត្រូវនឹងថ្ងៃ២ ខែកតូង្រិ ឆ្នាំ១៩៤៤

 

អ្នកតាសុពារកាឡី ខេត្តក្រចេះ

ចំបក់ថ្ងៃ២៧ ខែសេបតម ឆ្នាំ១៩៤៤ សូមទានឃុនចម្រើនសេដ្ឋកិច្ច មេឃុំចំបក់។ សូមក្រាបប្រណិប័តន៍ប្តឹងចូលមកព្រះបាទលោកឣ្នកឧកញ៉ាស្នេហាជាចៅហ្វាយស្រុកឆ្លូងសូមទានជ្រាប៖

សូមតបចុតហ្មាយព្រះបាទជាចៅហ្វាយលេខ ៧៧០ ចុះថ្ងៃ២៥ ខែសេបតម ឆ្នាំ១៩៤៤។ នេះសេចក្តីសួរពាក្យមានសារដីកាសាលាខេត្ត លេខ ៣៧៧ សួរពីប្រវត្តិសាវតារឣ្នកតាភ្នំសុពារកាឡីនៅឃុំចំបក់។ រឿងរាវនេះមិនបានពិតប្រាកដនឹងវត្ថុណាមួយទេព្រោះគ្មានដំណែលកាន់កាប់។

១- ឣ្នកតាសុពារកាឡីនោះ ឈ្មោះជាពូធរមានដំណឹងមានពីឮតៗ គ្នា បើឈ្មោះណាមិនសូវជាគ្រាន់តែបួងសួងខ្លួនឯងទៅបានហើយ។

២- ឣ្នកតានេះប្រុសមានរូបថ្មដា១ដុំ ទំហំ ៣ម៉ែត្រមូល។

៣-ថ្មដានេះនៅចង្កេះភ្នំសុពារការឡី មិនដែលមានឣ្នកស្រុកទុកភូមិណានៅទៀបឡើងឬធ្វើព្លិការឣ្វីទេ។

៤.ពិធីឣ្នកតានេះគ្មានកំណត់រៀបគ្រឿងសំណែនឣ្វីទេ។ បើឈ្មោះណាមួយមានជំងឺគ្រុនរងាហើយ មានចិត្តសង្ស័យជាឣនេកនោះ គ្រាន់តែធ្វើស្លាជម និងស្លឹកឈើមួយឬក្រដាសពីឣ្នកជំងឺ រួចយកស្លាជមនោះទៅដាក់ចោលដោយតំបន់ណាមួយក៏បាន មិនចាំបាច់ទៅដល់ទីកន្លែងនោះទេ។

                                                                                                                                                                   មេឃុំ

 

រឿងអ្នកតាគូរនាងខេត្ត​កំពង់ស្ពឺ

សេចក្តីឆ្លើយតបតាមសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ

            យើង មាស ម៉ារ មេឃុំយាឣង្គ ស្រុកថ្ពង កំពង់ស្ពឺ បានឃើញបាន  ស្តាប់សេចក្តីសួររបស់ក្រុមជំនុំរួបរួមលទ្ធិតាមទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។ តាមសេចក្តីដែលសួរនោះមាន ២ប្រការ ប្រការទី១ ៧ខ ប្រការទី២ ១៦ខ។

            ឥឡូវយើងសូមឆ្លើយតបតាមប្រការទី១ គ្រប់ ៧ខ ដូចមានសេចក្ដី  ឣធិប្បាយខាងក្រោមនេះ៖

ឆ្លើយក្នុងប្រការទី១៖

ខ១. ឣំពីឈ្មោះឣ្នកតាសំខាន់ ឯឣ្នកតាសំខាន់មាននៅក្នុងឃុំខ្ញុំបាទមានឈ្មោះឣ្នកតា១ ហៅថាឣ្នកតាគូរនាង។

ខ២. ទីលំនៅឣ្នកតា ឣ្នកតានោះនៅលើភ្នំព្រះ ក្នុងឃុំយាឣង្គ។

ខ៣. ឣំពីរូបឣ្នកតា ឯរូបឣ្នកតានោះ គ្មានរូបឣ្វីទេគឺមានតែឈាមដែលគេគូជានៅថ្មជាហេតុឱ្យសម្គាល់។

ខ៤. ឣំពីឡើងឣ្នកតា ឯឡើងឣ្នកតានោះដល់រដូវខែវិសាខឬជេស្ឋ ឣ្នកស្រុកតែងតែនាំគ្នាទៅធ្វើបុណ្យ ទៅរៀបពិធីឡើងជារាល់ឆ្នាំដើម្បីសុំឱ្យបានសេចក្តីសុខសប្បាយដល់មនុស្ស និងសត្វហើយសុំឱ្យបណ្តាលទឹកភ្លៀងឱ្យបានធ្លាក់មកបរិបូណ៌ និងបានធ្វើស្រែចម្ការគ្រប់គ្នា ហើយនិយាយប្តឹងសុំថាពេលនេះហើយ យើងខ្ញុំទាំងឣស់គ្នាបានចូលមកធ្វើរៀបចំម្ហូបម្ហាចំណី នំបង្អែម និងធ្វើមាន់ឆ្កាងថ្វាយមានសុរាជាដើម និងមានគ្រឿងបូជាគឺឣុជទៀនធូបដោតស្លាធម៌ធ្វើបាយសីនេះថ្វាយ។ សូមឱ្យលោកតាមេត្តាបណ្តាលទឹកភ្លៀងឱ្យធ្លាក់មកបានបរិបូណ៌ ហើយសុំឱ្យបានរកទទួលទានឱ្យបានមានកុំបីឃ្លៀតឡើយ។

ខ៥. ឣំពីតង្វាយឣ្នកតា គឺគេរៀបម្ហូបម្ហា បាយ ទឹក នំចំណីផ្សេងៗ និងបាយស-ក្រហម ជាដើម ។

ខ៦. ឣំពីឣាហារដែលឣ្នកតាចូលចិត្តសេពសោយ គឺរៀបឱ្យសោយមានក្បាលជ្រូក មាន់ឆ្កាង និងសុរាជាដើម ឣ្នកតាចូលចិត្តសេពសោយណាស់។

ខ៧. ឣំពីប្រវត្តិនៃឣ្នកតា ឣ្នកតាគូរនាងនេះគឺមានតំណាលពីចាស់ៗ និយាយថាមានស្តេចពីរព្រះឣង្គបងប្អូននឹងគ្នា គឺស្រី១ ប្រុស១។ ថ្ងៃមួយនោះស្តេចបានច្បាំងគ្នាមិនដឹងជាមានរឿងឣ្វីទេ ដល់ច្បាំងគ្នាស្តេចស្រីចាញ់ស្តេចប្រុសក៏សម្លាប់ស្តេចស្រីនោះ ហើយយកឈាមនោះមកគូរនៅថ្មជារូបនាង បានជាមានពាក្យហៅថាឣ្នកតាគូរនាងដូច្នេះតមកសព្វថ្ងៃនេះ។

                                                                                                                              ធ្វើនៅថ្ងៃទី ៣ ម៉េ ឆ្នាំ ១៩៤៤

                                                                                                                                  មេឃុំ

រឿង​អ្នកតាសំរោង ខេត្ត​កំពង់​ស្ពឺ

សេចក្តីឆ្លើយតបតាមសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ

            យើង មាស សុខ ពញារក្សាភិបាលមេឃុំវាលពន្ធ ស្រុកថ្ពង កំពង់ស្ពឺ បានឃើញសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។ តាមសេចក្តីដែលសួរនោះ មាន២ប្រការៗ ទី១មាន ៧ខ ប្រការទី២ មាន ១៦ខ។ ឥឡូវយើងសូមឆ្លើយតាមសេចក្តីសួរក្នុងប្រការទី១ គ្រប់ខ ទាំង៧ សេចក្តីដូចមានឣធិប្បាយខាងក្រោម៖

ប្រការ១៖ ខ១ ឣំពីឈ្មោះឣ្នកតាសំខាន់ នៅក្នុងឃុំនេះមានឣ្នកតា១ ឈ្មោះឣ្នកតាសំរោង។

ខ២. ឣំពីទីលំនៅឣ្នកតាៈ ឣ្នកតាសំរោងនេះនៅទៀបផ្ចិតខាងជើងភូមិវាលពន្ធ ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ខ៣. ឣំពីរូបឣ្នកតាគ្មាន។

ខ៤. ឣំពីពិធីឡើងឣ្នកតាមិនកំណត់ថាឡើងនៅខែឆ្នាំណាទេ លុះត្រាតែមានឣាសន្នហើយគេបន់បានដូចសេចក្តីប្រាថ្នានោះ ទើបបានគេរៀបចំឡើង។

ខ៥. ឣំពីតង្វាយឣ្នកតា កាលបើស្រុកមានកើតជំងឺមនុស្សឬជំងឺសត្វគោ ក្របី ពាសពេញទាំងស្រុក ហើយគេបន់ឱ្យជួយបានជាសះស្បើយឆាប់ឆុតដូចចិត្តនោះ គេតែងកាប់មាន់ទាថ្វាយ បើពុំនោះសោតគេនិមន្តលោកសង្ឃមករៀបចំធ្វើបុណ្យដារនៅចំពោះមុខឣ្នកតានោះ។

ខ៦. ឣំពីឣាហារដែលឣ្នកតាចូលចិត្តសេពសោយ គឺមាន់-ទាស្ងោរ។

ខ៧. ឣំពីប្រវត្តិឣ្នកតាឣ្នកតានេះ កើតមានជាយូរឣង្វែងឆ្នាំណាស់ហើយ   ឥតមានឈ្មោះណាបានដឹងថាកើតពីត្រឹមណា កើតឡើងដោយហេតុឣ្វីនោះទេ។ ឣ្នកតានេះមានរូបភាពជាដុំថ្មតូចល្មម តម្កល់នៅលើខ្ទមប្រក់ក្បឿង។

            សេចក្តីដែលយើងឆ្លើយនេះ គឺតាមដោយសេចក្តីដែលបានដឹងឃើញ ច្បាស់ពិតប្រាកដ ឯសេចក្តីដែលមានសួរក្នុងប្រការ២ នោះយើងមិនឣាចនឹងបានដឹងដោយសេចក្ដីច្បាស់លាស់ពិតប្រាកដទេ។

                                                                          បញ្ចប់សេចក្តីឆ្លើយតែប៉ុណ្ណេះ នៅថ្ងៃ ១០កើត ខែ៦ ឆ្នាំវក ឆស័ក   ព.ស.២៤៨៧ គឺថ្ងៃ២ ខែម៉េ គ.ស.១៩៤៤

                                                                               មេឃុំមាស សុខ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/