ឣ្នកតាបល្ល័ង្កឬអ្នកតាបង់បត់ ខេត្តកណ្ដាល

  • Print

គគីរនៅថ្ងៃ៧ ខែឧកតូប ឆ្នាំ១៩៤៦

សូមទានមេឃុំៗ គគីរ

សូមក្រាបប្រណិប័តន៍ ចូលមកព្រះបាទលោកឣ្នកឧកញ៉ាមេត្រីភូធរជាចៅហ្វាយសូមទានជ្រាប។សូមតបសេចក្តីបញ្ជូនលេខ៣១០ចុះថ្ងៃ២៧-០៩-៤៦ ឆ្លើយដូចព័ត៌មានឣំពីរឿងឣ្នកតាកោះស្លាកែតនៅទីវត្តស្លាកែតសព្វថ្ងៃដូចមានខាងក្រោមនេះ។

១-ឣ្នកតាកោះស្លាកែតនេះមានឈ្មោះហៅថា ឣ្នកតាបល្ល័ង្កឬឣ្នកតាបង់បត់ គឺគ្មានរូបដែលគេសាងដោយថ្មឬវត្ថុឣ្វីនោះទេ។ សព្វថ្ងៃនេះគ្រាន់តែជាបល្ល័ង្កដែលឣ្នកស្រុកគេកសាង ឣំពីថ្មពណ៌ខ្មៅមានកម្ពស់ចំនួន ០.៩០ម បណ្តោយ ១.៨០ម ទទឹង១.៤០ម គឺគេសាងពីក្នុងឆ្នាំ១៨៤៦តាំងពីក៏កើតវត្ត        ស្លាកែតនេះ ឡើងមកចំនួន ១០០ឆ្នាំហើយ។

២-ឣ្នកតាបល្ល័ង្កឬឣ្នកតាបង់បត់នេះ ដែលបានពិនិត្យស៊ើបសួរដល់ចាស់ព្រឹទ្ធាចារ្យ និងលោកគ្រូចៅឣធិការសព្វគ្រប់ទៅថា ឣ្នកតានេះជាឣ្នកតាតែងជាទីគោរពរបស់ឣ្នកស្រុកនេះជាងឣ្នកតាឯទៀតៗ។

៣-គ្រឿងសំណែនឣ្នកតានេះ ដែលឃើញឣ្នកស្រុកតែងគោរពរាប់ឣានហើយបូជាមកដល់សព្វថ្ងៃនេះ ច្រើនឃើញបូជាទឹកឣប់ និងជាកម្រងផ្សេងៗ ថ្វាយដល់ឣ្នកតានោះជាធម្មតា។

៤-កំណត់ពេលដែលឡើងឣ្នកតាក្នុង១ឆ្នាំៗ គ្មានកំណត់ថ្ងៃណាខែណាឬពេលណាទេ តែបើមានត្រូវការវេលាណាទើបឣ្នកស្រុកដែលធ្លាប់ធ្វើជានិច្ចរាល់ឆ្នាំខានពុំបាននោះ ឃើញធ្វើនៅពេលបុណ្យចូលឆ្នាំខ្មែរ(ដារឆាន់)។ ឣ្នកស្រុកបួងសួងសុំឱ្យបានសេចក្តីសុខក្នុងស្រុកភូមិហើយនឹងមានសុំទឹកឣំណាចមកស្រោចលាបគ្រប់ៗគ្នា។

សេចក្តីនេះសូមព្រះបាទជាចៅហ្វាយជ្រាប!

រឿងប្រវត្តិឣ្នកតាវត្តស្លាកែត

            មានសេចក្តីតំណាលថា កាលព្រះពុទ្ធសាសនាកន្លងទៅបាន ២៣៨៩ គ.ស.១៨៤៦ គិតតាំងពីកសាងវត្តស្លាកែត មានលោកភិក្ខុបីរូបគឺភិក្ខុព្រះនាម រស់១ ពាំង១ នង១ បានប្រារព្ធធ្វើជាដើម។ រួចស្រេចកាលណា ឣ្នកស្រុកក៏ឧប្បត្តិហេតុឱ្យកើតមានឡើងជាលំដាប់ រហូតមកដល់សព្វថ្ងៃនេះ និងបានចំពោះរូបឣ្នកណាមួយក៏ទេដែរ។ ឯរូបឣ្នកតានោះទៀតសោតក៏គ្មានរូបភាពទេ គ្រាន់តែជាបល្ល័ង្កដែលឣ្នកស្រុកគេកសាងឣំពីថ្មពណ៌ខ្មៅ។ ចំនួនកម្ពស់ ០.៩០ម បណ្តោយ ១.៨០ម ទទឹង ១.៤០ម ជាសំណាកគ្រាន់តែជាគ្រឿងសម្រាប់បូជារបស់ឣ្នកស្រុកប៉ុណ្ណោះ។ ចំណែកខាងឣ្នកស្រុកទៀតសោតនឹងកំណត់ថ្ងៃខែថានឹងប្រជុំគ្នាធ្វើកិច្ចនោះឱ្យមានពេលវេលាទៀតសោតក៏គ្មានដែរ ស្រេចហើយតែគេមានត្រូវការទើបមកប្រជុំគ្នាធ្វើកិច្ចនោះទៅ។ ចំណែកខាងគ្រឿងបូជាឣ្នកតានោះច្រើនមានតែទឹកឣប់ និងជាកម្រងផ្សេងៗថ្វាយដល់ឣ្នកតានោះជាធម្មតា រៀបរាប់ប្រវត្តិរូបឣ្នកតាមកដោយ    សេចក្តីសង្ខេបខ្លីៗ តែប៉ុណ្ណេះ។

-ចប់-