រឿងឣ្នកតាយាយទែព្វព្រមទាំងរៀបពិធី បញ្ជាន់ ខេត្តព្រៃវែង

  • Print

 

 

 

តបតាមសំបុត្រតាំងលេខ ឈ្មោះ ស៊ាង លឹម នៅភូមិឣំបែងចេះ ឃុំល្វា ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងតែងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៤៩

រឿងឣ្នកតាឈ្មោះយាយទែព្វ

សូមជូនមកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។ តាំងពីយូរមកហើយ ខ្ញុំបានដំណឹងថា៖

ឣ្នកតានេះតាំងទីឣាស្រមនៅវាលបឹង ភូមិវាល ឃុំវាល ស្រុកស៊ីធរ   កណ្តាលខេត្តព្រៃវែង ។ បឹងនេះជាវាលធំទូលាយ មានស្រះដាំដោយដើមឈូកមីដេរដាសដោយផ្កា និងផ្លែជាដើម។ នៅខាងកើត ហៅភូមិស្វាយរសាត់ ខាងជើងហៅថាភូមិវាល នេះរាជការបានឱ្យនាមហៅថា ភូមិសាមគ្គីវិញ។ ខាងត្បូងហៅភូមិបាទី ខាងលិចហៅថា ភូមិព្រៃព្រំ ទីឣាស្រមតាំងនៅកណ្តាលវាលនេះ ប្របផ្លូវពិស្តរាជការ។ ឣាស្រមនេះមានគេហដ្ឋានពីរជាប់គ្នា នៅជ្រុងឥសាន ចម្ងាយពីឣាស្រមនេះចំនួន១០ម៉ែត្រ មានដើមពោធិ៍១ធំ បរិបូរណ៍ដោយមែក និងសន្លឹក ដល់ពេលរដូវផ្កាផ្លែ មានសត្វបក្សីបក្សាហើរមកប្រចឹកទំប្រចឹកដណ្តើមផ្លែផ្កាទាំងនោះមីដេរដាស ដោយសម្លេងទ្រហឹងឣឺងកងនៅទីកន្លែងនេះ ។ មុខគួរឱ្យស្តាប់ដោយសូរស័ព្ទពីរោះ ដោយសម្លេងសត្វទាំងនោះ ពន្ធព័ទ្ធបរិបូរណ៍ដោយមែកសន្លឹក ព្រមទាំងម្លប់ មានខ្យល់ឣាកាសល្ហើយត្រជាក់ ជាទីបន្ទោនៅសេចក្តីក្តៅក្រហាយរបស់អ្នកដំណើរ ដែលចូលទៅស្នាក់ឣាស្រ័យនៅក្រោមម្លប់ពោធិ៍នោះ មានឣណ្តូងទឹកមួយនៅក្បែរនោះ ជាទីបន្ទោបង់នៅសេចក្តីសម្រេកគម្លានរបស់សត្វពាហណ: និងជនក្នុងស្រុក ព្រមទាំងអ្នកដំណើរផង។

ទីឣាស្រមនេះ បើគេធ្វើដំណើរទៅសាលាស្រុកស៊ីធរកណ្តាល ចម្ងាយផ្លូវចំនួន១៤គីឡូម៉ែត្រ បើគេធ្វើដំណើរទៅខាងខេត្តព្រៃវែងវិញ ចម្ងាយចំនួន២៩គីឡូម៉ែត្រ។ មុនដំបូងឣ្នកតានេះ អ្នកស្រុកហៅថា ឣ្នកតាយាយទែព្វ លុះយូរមកទៀត អ្នកស្រុកបានពិនិត្យមើលទីកន្លែងវាលនេះឃើញមានទឹក ល្ហាចល្ហរទូលាយ គេបានកសាងឣ្នកតាមួយទៀតតម្កល់ទុក នៅឣាស្រមម្ខាងទៀត គេហៅថាឣ្នកតា បឹងវិញ។ ដោយហេតុថាវាលនេះមានគ្រោងដូចជាបឹង ហើយបាត់ឈ្មោះឣ្នកតាយាយទែព្វនេះទៅ។

លុះមកដល់ឥឡូវនេះ តិចមានមនុស្សនឹងស្គាល់ឣ្នកតាឈ្មោះយាយទែព្វទេ ស្គាល់ត្រឹមតែ ឣ្នកតាឈ្មោះបឹងបុណ្ណឹង ។ ឣ្នកតានេះមានតេជោនុភាព ល្បីទូទៅក្នុងទីរួមខេត្តទាំងមូល មនុស្សដែលនៅក្នុងសាកលនេះ សុទ្ធសឹងតែគោរពកោតខ្លាចឣ្នកតាទាំងនេះទាំងឣស់ បើឣ្នកណាមានជំងឺឣ្វីៗ ហើយបានទៅបែបន់ដល់ទីឣាស្រមនេះ ក៏បានជាស្បះស្បើយដូចសេក្តីប្រាថ្នា ។ ចំណែកខាងរាជការ បើមានលោកចៅហ្វាយស្រុកណាមួយដែលទើបនឹងមកឈរស្រុកថ្មី លោកក៏តែងរៀបពិធីឡើងឣ្នកតា នៅទីឣាស្រមឣ្នកតា ៗបឹងនេះ គ្រប់ចៅហ្វាយស្រុក។

នៅឱកាសឡើងឣ្នកតានោះ មានឣ្នកមន្ត្រីឃុំក្រុមជំទប់ និងរាជការកងក្រវែល ស្លៀកតែងតួតាមរបៀបមានស្ពាយកាំភ្លើងពិជ័យសង្គ្រាមផង។ ចំណែកលោកចៅហ្វាយស្រុកក៏រៀបចំស្លៀកពាក់តាមសណ្តាប់ឣ្នកធំ មានឣ្នកមុខឣ្នកការធំតូច ធ្វើដំណើរដើរហែហមជូនលោកទៅឡើងឣ្នកតា ដោយយាន ជំនិះគ្រប់គ្នាទៅ។

លុះដល់ឣាស្រមឣ្នកតាក៏បានធ្វើសេចក្តីគោរពឣ្នកតា រួចរៀបក្រាលកន្ទេលនៅមុខឣាស្រម មានរៀបកៅឣីជូនលោក ហើយឣង្គុយតាមឋានន្តរសក្តិ។ ឯក្រសួងចុងភៅរៀបធ្វើចង្ក្រាន ស្ល ដណ្ដាំនៅក្បែរទីឣាស្រមនោះ មានមាន់ ទា ត្រី សាច់ ជាច្រើន និងសុរាផង។ ធ្វើម្ហូបនោះមាន ស្ងោរ ខ ឣាំង ជាដើម គេជ្រើសរកត្រង់ថ្លើម បេះដូង តម្កល់លើស្ពកសម្រាប់ថ្វាយឣ្នកតា ព្រមឣាការសាហាវផង មានក្បាលជ្រូកដាក់ឣមទៀត។

នៅមុខឣាស្រម គេធ្វើរាន៥ថ្នាក់សម្រាប់ដាក់បាយសី១គូ សំពត់ឆ្វេង ស្តាំ១ថ្នាក់ ផ្កាដូង១ថ្នាក់ គ្រឿងសក្ការ:១ថ្នាក់ ស្លាជម១គូ ពែ៧រួត ទឹកឣប់១ថ្នាក់ ជើងពាន ស្លា បារី ផ្កាចំប៉ី ក្រមួនមាត់ ទឹកឣប់១ថ្នាក់ ពួកភ្លេងគឺ ស្គរ២ ទ្រខ្មែរ១ ចាប៉ី១ ប៉ីពក១ ចម្រៀង១ មានរូបបញ្ជាន់សម្រាប់ទទួលដំណឹងពីឣ្នកតារូបនោះបានពិនិត្យមើលប្រដាប់ប្រដាដែលខ្លួនធ្លាប់រៀបចំពីដើម បើនៅខ្វះខាតក៏ជួយរៀបចំទៀត បើមើលឃើញមានសព្វគ្រប់តាមរបៀបហើយក៏ស្ងៀមទៅ។

ពេលនោះជនទាំងឡាយ មានលោកចៅហ្វាយស្រុកជាដើម ក៏រៀបចំបរិភោគភោជនាហារជាទីកម្សាន្តតាមទម្លាប់ និងតាមឣណ្ដាប់ ឣណ្ដោយទៅ ។ លុះបរិភោគរួចហើយ តពីនោះទៀតពួកភ្លេងក៏ល្បងទ្ររឹតខ្សែបញ្ចុះគ្នា លុះត្រឹមត្រូវគ្នាហើយតាំងលេងឃុំរោង ឯរូបនោះក៏រៀបស្លៀកសំពត់ហូល    ឣាវព្រែខៀវ ផាហ៊ុម ពណ៌ចុងល័ក្ត ស៊ីស្លាលាបក្រមួនមាត់ ដើរមើលប្រដាប់ប្រដារានយកផ្កាចំប៉ីមកហិត ពួកភ្លេងប្រែបទ លេងបទ១ទៀត ហៅបទ      ឣញ្ជើញគ្រូ ទំនុកច្រៀងថា៖

ឣើយៗ ថ្ងៃរសៀលសុរិយា(ផ្ទួនពីរៗដង) រៀបប្រដា លោកឣឺយល្អឥតប្រដូចឣឺយ សូមឣញ្ជើញគ្រូតូច សូមឣញ្ជើញគ្រូធំ ឣញ្ជើញមកជួបជុំ លោកឣឺយ សូមទទួលក្រយា។ ត្រង់នេះរូបគ្រវីក្បាលទះដៃផាំង ស្ទួយជើងពាន រាំប្រទក្សិណរាន ដៃរាំផ្លាស់ជើងពានម្ខាងម្តង ជើងមួយឈរ ជើងមួយបន្ទន់ ងាកទៅឆ្វេងម្តង ឈរខាងឆ្វេងបន្ទន់ជើងស្តាំ ងាកទៅខាងស្តាំឈរជើងខាងស្តាំ បន្ទន់ជើងឆ្វេង រាំក្បាច់យ៉ាងនេះ បើស្គរវាយរង្វើល ក្បាច់រាំក៏រង្វើល បើស្គរវាយញាប់ ក្បាច់រាំក៏ញាប់។ លុះចប់១ភ្លេងនេះហើយ រូបក៏ឣង្គុយទះដៃផ្លាញ់ទាញបារីមកឣុជជក់ធ្វើក្បាលងីកងាក សួរថាអ្នកឯងរាល់ គ្នាហៅយើងមកមានការឣ្វី? ពេលនោះពួកក្រុមទាំងឣស់ក៏បន្ទន់កាយតបថា ខ្ញុំទាំងឣស់គ្នានេះសូមឣញ្ជើញឣស់លោកមកជាឣធិបតី ព្រោះលោកចៅហ្វាយស្រុកថ្មីនេះ សូមមកជ្រកក្រោមឣស់លោក សូមឱ្យប្រកបដោយ   សេចក្តីសប្បាយ កុំឱ្យមានជំងឺឣ្វីមកបៀតបៀន។ រូបថា ឱ! អីចឹង ឣើ!បើដូច្នេះមិនអីទេ យើងឈ្មោះឣ្នកតាបឹង យើងក៏សុខចិត្តដែរ តែត្រូវឯងយក ឣាការសាហាវមកថ្វាយយើងៗនឹងឱ្យឯងបានសេចក្តីសុខសប្បាយ ។ ទើបគេចាក់ស្រា១កែវថ្វាយទៅរូបនោះផឹក រួចហើយតាំងធ្វើក្រមួនឬកំបោរព្រមទាំងខ្សែឣំបោះ សូត្រសែកមន្តឣាគមផ្លុំបញ្ជូលក្រមួនកំបោរខ្សែចែក ឱ្យលាបដាក់ខ្សែចងដៃជាដើមសព្វគ្នីគ្នាទៅ។ រូបនោះប្រាប់ថា ឣើឥលូវឣស់កិច្ចហើយ យើងលាទៅវិញ ត្រង់ណេះពួកភ្លេង លេងបទឣុំទូក ជាពិធីធ្វើដំណើរជូនឣស់លោកឣញ្ជើញទៅវិញ ដោយទំនុកច្រៀងថា៖

បងឣុំទូកទៅ ទៅបេះៗស្រម៉ ស្រម៉ោចខាំក ឡេឡឡើងគោក។ ត្រង់ណេះរូបនោះរាំដើរទក្សិណបីជុំរានហើយក៏ឈប់ សន្មតថាចប់ពីធីឡើងឣ្នកតា គេក៏រៀបចំប្រដាប់ប្រដាសព្វគ្រប់ហើយវិលទៅកាន់ទីលំនៅរៀងខ្លួន ចំណែកលោកចៅហ្វាយស្រុក ក៏នាំពួករាជការចូលទៅសាលាស្រុក ធ្វើការ តាមក្រសួងទៅ។