កិច្ចប្រជុំស្តីពីការអភិរក្ស ឯកសារ គម្ពីរ ក្បួនច្បាប់ ក្នុងសម័យព័ត៌មានវិទ្យា

  • Print

ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤
រាជធានីភ្នំពេញៈដោយមានកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលដែលរួមមានអង្គការវិទ្យាស្ថានបើកទូលាយ អង្គការសន្តិស្ម័គ្រចិត្តជប៉ុន និងមូលនិធិខ្មែរសម្រាប់ការសិក្សា នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៤ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំស្តីពីការអភិរក្សឯកសារ គម្ពីរ ក្បួនច្បាប់ក្នុងសម័យព័ត៌មានវិទ្យា ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

អង្គប្រជុំនេះមានគោលបំណងដើម្បីពិនិត្យមើលកិច្ចសហការរវាងពុទ្ធសាសនបណ្ឌិត្យជាមួយនឹងអង្គការជាដៃគូសម្រាប់ទុកជាផ្លូវឬមធ្យោបាយក្នុងការអនុវត្តកិច្ចការរបស់ខ្លួនតទៅថ្ងៃមុខ។
គួររំលឹកដែរថាពុទ្ធសាសនបណ្ឌិត្យគឺជាស្ថាប័នសិក្សាស្រាវជ្រាវ បោះពុម្ព និងតម្កល់ឯកសារ ក្បួន ច្បាប់ ដែលមានវ័យចំណាស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័ននេះត្រូវបានបង្កើតឡើងនាថ្ងៃទី២៥ ខែមករាឆ្នាំ១៩៣០ ដែលមានទីចាត់ការក្នុងបរិវេណព្រះរាជបណ្ណាល័យ(ដែលសព្វថ្ងៃគឺអគារជាអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ) ក្នុងគោលបំណងដឹកនាំសិក្សាព្រះពុទ្ធសាសនានៅឥណ្ឌូចិន។ ឆ្លងកាត់ដំណាក់កាលប្រវត្តិដ៏យូរអង្វែងមកនោះ ពុទ្ធសាសនបណ្ឌិត្យបានខឹតខំប្រឹងប្រែងទៅតាមតួនាទីរបស់ខ្លួន និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនមកដល់ពេលនេះ ក្នុងនោះបានបោះពុម្ពឡើងវិញនូវទស្សនាវដ្តីកម្ពុជសុរិយា ចាប់ពីឆ្នាំ១៩២៦មកដល់ឆ្នាំ២០១៤បានជាច្រើនក្បាល បកប្រែជាភាសាខ្មែរ និងបោះពុម្ពគម្ពីរព្រះត្រៃបិដក ដែលមកដល់ពេលនេះគឺរក្សាបាននៅក្នុងកុំព្យូទ័រ បោះពុម្ពសៀវភៅពាក់ព័ន្ធនឹងអក្សរសាស្ត្រ រឿងរាមកេរ្តិ៍ សៀវភៅគតិលោក សៀវភៅធម៌ផ្សេងៗ វចនានុក្រមខ្មែរ ឬវចនានុក្រម សម្តេច ជួន ណាត សៀវភៅប្រជុំរឿងព្រេងខ្មែរ សៀវភៅសន្ទានុក្រមបាលី-ខ្មែរ សម្រាប់ការសិក្សា ស្រាវជ្រាវរបស់សាមណសិស្ស-និស្សិត និងប្រជាពលរដ្ឋខ្មែរទូទៅ។
មកដល់បច្ចុប្បន្ននេះ ដើម្បីឲ្យងាយស្រួលក្នុងការសិក្សាស្រាវជ្រាវទៀតនោះ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំនូវវចនានុក្រមទាំងអស់ខាងលើនេះ នៅក្នុងគេហទំព័រ ដែលអាចសិក្សា ស្រាវជ្រាវ និងប្រើប្រាស់នៅតាមកុំព្យូទ័រ និងទូស័ព្ទដៃបាន។
លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងការកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងស្ថាប័នពុទ្ធសាសនបណ្ឌិត្យ ដែលបានសហការគ្នាជាមួយនឹងអង្គការជាដៃគូ ធ្វើឲ្យសម្រេចបាននូវស្នាដៃ ដែលជាកេរ្តិ៍ដំណែលសាស្ត្រាចារ្យ និងបណ្ឌិតខ្មែរទុកជូនកូនខ្មែរជំនាន់ក្រោយអនុវត្ត និងសិក្សា ស្រាវជ្រាវរាល់គន្លឹះសំខាន់ៗក្នុងការយល់ដឹងបន្ថែមនូវអ្វីដែលជាវប្បធម៌ ប្រពៃណី ក្បួនច្បាប់ដ៏ល្អ ជាពិសេសរក្សាបាន អត្តសញ្ញាណរបស់ប្រជាជាតិខ្មែរយើង៕