ពុទ្ធសាសនបណ្ឌិត្យ

រឿង ពស់​កេងកង

រឿង ពស់កេងកង
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ៧-១០

    កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។
    មាននិទានថា : កាលដើមឡើយ មានមនុស្ស ២ នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។

នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា «អើ ! បើនាងឯងដោយអញ ធ្វើប្រពន្ធអញទើបអញឲ្យដឹង បើនាងឯងមិនដោយអញ មិនធ្វើជាប្រពន្ធអញទេនោះ អញមិនឲ្យដឹងទេ» ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូច ក៏ទទួលព្រមថា អើ ! លែងតែអ្នកឲ្យដឹងមកខ្ញុំចុះ ចាំល្ងាច សឹមខ្ញុំឲ្យមេអេតមកហៅ » ។ ពស់កេងកងឮនាងនីថាដូច្នោះក៏ឲ្យដឹងមក ។ នាងនីផ្ដាំថា «ដល់ល្ងាច សឹមឲ្យមេអេតមកហៅ » ហើយនាងនីក៏ទូលឧសទៅផ្ទះជាមួយនឹងនាងអេត ។ លុះដល់ព្រលប់នាងនី ក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកង ។ នាងអេតទៅដល់ឈរនៅមាត់រន្ធពស់ ហៅថា «ពស់កេងកងអើយ នាងនីឲ្យហៅ ! » ។ ឯពស់កេងកងឮហើយលូនចេញមក ។ នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំណាស់ លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្ដី ឥឡូវនេះគាត់ទៅជួញអង្កាំពីរ បីឆ្នាំមកម្ដងៗ » ។ ពស់កេងកងសួរថា «ប្ដីនាងឯងទៅប៉ុន្មានថ្ងៃ ប៉ុន្មានខែ ទៀតនឹងមកដល់ ?» នាងនីឆ្លើយថា«មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថ្ងៃទៀត នឹងមកដល់ទេ» ពស់កេងកងនិងនាងនី ក៏ដេកលក់ជាមួយគ្នាទៅ ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្ដាំថា «បើប្ដីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក,  បើប្ដីខ្ញុំមិនទាន់មកនោះ ខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក»។ពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅ ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។ នាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ត្បិតពស់នោះធំណាស់ ហើយវែងផង ។ មួយទៀត ខឹងក្នុងចិត្ត ត្បិតម្ដាយសហាយនឹងពស់ ។ នាងអេតទៅដល់មាត់រូងហើយហៅថា «ពស់កេងកងអើយ នាងនីឲ្យហៅ» ពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថា «អេតអើយ! ថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់» នាងអេតឆ្លើយថា «ឪពុកអញទៅជួញអង្កាំ ពីរ បីឆ្នាំមិនទាន់មកដល់» ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះ ក៏លូនចេញអំពីរន្ធមក ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយនឹងពស់កេងកងទាល់តែផើម ។ លុះយូរបន្តិចទៅប្ដីនាងនីមកពីជួញអង្កាំវិញ ឃើញនាងនីពោះធំនឹកសង្ស័យ ក៏សួរនាងអេតជាកូន ។ នាងអេតប្រាប់ឪពុកថា «ម៉ែគាត់សហាយនឹងពស់កេងកង តែវេលាព្រលប់កាលណាឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ»។ ឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្ដាយហងឯងដឹង» ។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា «ពស់កេងកងៗ ! នាងនីឲ្យហៅ » ។ ពស់កេងកងឮហើយឆ្លើយថា «អេតអេតអើយ !  ថាអញមិនទៅ ឪពុកអេតនៅកាត់កអញដាច់» ។ នាងអេតឆ្លើយថា «ឪពុកអញទៅជួញអង្កាំពីរ បីឆ្នាំមិនទាន់មកដល់» ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថា ឪពុកនាងមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វថ្ងៃ ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្ដាលខ្លួនយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្ដាំនាងអេតថា «កុំឲ្យម្ដាយហងឯងដឹង តែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ី» ។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។ ឯនាងនីពុំបានដឹងជាប្ដីកាប់ពស់សហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្ដាយស៊ី ។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លមីអេត !» ។ នាងអេតប្រាប់ថា «សាច់ជ្រូក » ។ នាងនីគិតស្មានថាសាច់ជ្រូកមែន ក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយ ។ កាលនាងអេតដួសសម្លមកឲ្យនាងនីជាម្ដាយស៊ីនោះ មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា « កឡូវៗក្លេមក្លមលេបសាច់ប្ដីឯង » ។ នាងនីកំពុងស៊ីបាយឮក្អែកបូលដូច្នោះ ក៏មើលទៅលើមែកពុទ្រាឃើញក្បាលពស់កេងកងលើមែកឈើ ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងពុំហ៊ានយំព្រោះខ្លាចប្ដីដែលអង្គុយស៊ីបាយជាមួយគ្នា ។ ប្ដីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា « ហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែក ? » ។ នាងនីឆ្លើយថា «ស៊ីបាយក្ដៅ សម្លក្ដៅរឭកកូនចៅ រលោងទឹកភ្នែក »។ ឯក្អែកនោះចេះតែបូលថា «កឡូវៗ ក្លេមក្លមលេបសាច់ប្ដីឯង ក្បាលដាក់លើដើមពុទ្រា កន្ទុយដាក់លើស្កាក» ។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងលើនោះ ។  ឯប្ដីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដហើយ ក៏នឹកភ្នកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន ។ ដល់នាងនីផើមចាស់ផ្ទៃ ជិតនឹងសម្រាលប្ដីបបួលទៅកក់សក់នៅមាត់បឹង លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀតឲ្យឆ្ងាយពីស្រុកគេ យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដង» ។ នាងនីមិនដឹងខ្លួនឯងថាប្ដីសម្លាប់ ស្មានថាប្ដីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។ លុះឃើញកំពង់មួយរាបស្អាត វាលល្អ ប្ដីប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយ យើងឈប់កក់សក់នៅនោះចុះ» ឯនាងនីមិនដឹងខ្លួនជាប្ដីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំង ។ ប្ដីនោះក៏ហូតដាវកាប់នាងនីពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅ ។ ពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពោះនាងនីមក ។ ប្ដីនាងនីក៏កាប់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់ ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះចូលទៅក្នុងព្រៃ ។ ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាង មកដល់ឥឡូវនេះ ។

ឃ្លាតឆ្ងាយ ណាយចិត្ត

1- ច្បាប់សរសេរដៃរបស់ E. Aymonier ទំព័រ ៣៤ ខាងផ្នែកភាសាខ្មែរនិងចុះកម្ពុជសុរិយា លេខ ១ . ២ .៣ ឆ្នាំ១៩៣៧ ទំព័រ ៥៥ គ្មានឈ្មោះអ្នករៀបរៀងទេ ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/